ភ្នំពេញ៖ ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានរៀបចំកម្មវិធីអបអរសាទរការទទួលបានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ២០២២ របស់កម្មវិធីទូរស័ព្ទដៃ កំណត់ត្រាទឹកនោមផ្អែម ដែលបង្កើតឡើងដោយ លោក វេជ្ជបណ្ឌិត ស៊ុំ សត្ថា ទីប្រឹក្សាមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីរួមចំណែកផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃកម្មវិធីទៅកាន់បណ្តាអ្នកពាក់ព័ន្ធរួមមានវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក ឱសថការី និងសាធារណជនទូទៅ។
ជាការពិត ស្របពេលដែលប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ការប្រឈមនឹងជំងឺកាចសាហាវផ្សេងៗក៏កើតមានឡើងកាន់តែច្រើនផងដែរ ដូចជាជំងឺបេះដូង សសៃឈាម និងជំងឺទឹកនោមផ្អែមជាដើម ដែលទាមទារឱ្យវិស័យសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ជាងមុន។ ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល ពិតជាបានផ្តល់ភាពងាយស្រួលទាំងសម្រាប់អ្នកជំងឺ និងវេជ្ជបណ្ឌិតក្នុងការលើកកម្ពស់គុណភាពនៃការតាមដាន ព្យាបាលជំងឺ។ ជាក់ស្តែង ការរៀបចំបង្កើតកម្មវិធីទូរស័ព្ទនេះ កើតចេញពីទស្សនវិស័យមួយនេះ ដែលក្រុមការងារបានចាប់ផ្តើមសិក្សា និងធ្វើការលើគម្រោងនេះតាំងពីឆ្នាំ២០១៨។
ក្នុងនាមក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា ៤.០ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រតិបត្តិករផ្ទាល់នៃកម្មវិធី ដែលមាន លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជាស្ថាបនិកគម្រោងដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត ក្នុងការអភិវឌ្ឍកម្មវិធីនេះឡើងដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ដែលអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។ មជ្ឈមណ្ឌលប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍកម្មវិធីឱ្យកាន់តែមានភាពងាយស្រួល និងទំនើបស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា៕