ខេត្តកោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង បានគូសបញ្ជាក់ថា ៖ បាលីដ៏មានអត្ថន័យ និងស័ក្តិសិទ្ធក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចបច្ចុប្បន្ន គឺប្រជាពលរដ្ឋរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជា ។
ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តកោះកុង។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ, ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចូលរួមថែរក្សាសន្តិភាព មានកិច្ចការជាច្រើនដែលយើងត្រូវបំពេញ អត្ថន័យដ៏សំខាន់ជាងអ្វីៗទាំងអស់នោះមិនពិបាកទេ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ គឺយើងចូលរួមទាំងអស់គ្នា ចេញដំណើរទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នោះនឹងក្លាយជាការរួមចំណែករក្សាសុខសន្តិភាព ដ៏មានប្រសិទ្ធភាពបំផុត»។
សម្តេច ពិជ័យសេនា ទៀ បាញ់ បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា សន្លឹកឆ្នោតទាំងនេះហើយ គឺជាការចូលរួមរក្សាសុខសន្តិភាព ស្ថិរភាព និងការឯកភាពពេញលេញជូនប្រទេសកម្ពុជា រួមជាស្រេច។ សម្តេចថា ការចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «សន្តិភាពនៅកម្ពុជា គឺបានមកពីនយោបាយឈ្នះ-ឈ្នះ ដូចនេះ ត្រូវដឹងគុណស្ថាបនិក មគ្គទេសក៍ឯក គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំគ្រប់កិច្ចការទាំងអស់ ដើម្បីសន្តិភាពជូនកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងការកសាងសង់វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ បានបង្អួតកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ»។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសរំលេចដែរថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាព ខេត្តកោះកុង ដែលជាខេត្តមួយដាច់ស្រយាល គឺបានប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ ទាំងនេះគឺបានមកពីសមិទ្ធផលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ និយាយដោយឡែកសូមប្រជាពលរដ្ឋទូទាំងខេត្តកោះកុង រួមគ្នារក្សាកេរ្តិ៍មរតកនៃសន្តិភាពនេះឱ្យបានគង់វង្ស ដើម្បីទុកដាក់ឱ្យកូនចៅជំនាន់ក្រោយ។ ប្រសិនបើគ្មានការជួយសង្គ្រោះទាន់ពេលវេលាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនផ្សេងៗទៀត របស់គណបក្សប្រជាជនកម្ពុជានោះទេ ប្រជាជនកម្ពុជានឹងរលាយផុតពូជជាមិនខាន ក្រោមក្រញ៉ាំដ៏សាហាវឃោរឃៅនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ជាង ៣លាននាក់។
សម្តេចបានបន្ថែមថា រយៈពេល៤៤ឆ្នាំមកនេះ ផ្តើមចេញពីជ័យជម្នះ ៧ មករា កម្ពុជា បានប្រែក្លាយពីវាលពិឃាត ពីការបែងចែកទឹកដី ពោរពេញដោយការកាប់សម្លាប់ ទៅជាទឹកដីមានសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្រោមដំបូលដ៏ត្រជាក់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕