រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន មកពីគណបក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាព នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូថ្មីមួយទៀត ដែលជាសកម្មភាព ស្វាគមន៍ដ៏ស្និទ្ធស្នាលរបស់គ្រិស្តបរិស័ទ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ ពិធីនោះប្រារព្ធធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
វត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកប ដោយភាពស្និទ្ធស្នាលបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនា គ្រិស្ត។ ក្តីគោរពស្រឡាញ់ផុសចេញពីក្រអៅបេះដូង បានជំរុញឱ្យអ្នកចូលរួមក្នុងពិធីនោះ បានស្វះស្វែងសុំការថតរូបពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ នៅលើផ្ទៃមុខទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងប្រជាគ្រិស្តបរិស័ទ បានបង្ហាញស្នាមញញឹមប្រកបដោយការគោរពស្រឡាញ់។
ជាមួយនឹងការបង្ហោះវីដេអូបង្ហាញនូវសកម្មភាពដ៏ស្និទ្ធស្នាលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសេចក្តីស្រលាញ់រាប់អាននេះ។
បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះ បានគូសរំលេចដែរថា សេចក្តីស្រលាញ់ និងការរាប់អានដែលផុសចេញពីទឹកចិត្តពិតៗ របស់ប្រជាពលរដ្ឋ គឺជាថាមពលពិសេស និងមិនចេះរីងស្ងួត ក្នុងការផ្តល់កម្លាំងចិត្ត និងពង្រឹងឆន្ទៈរបស់លោកក្នុងការខិតខំបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេសង្កេតឃើញថា មានសកម្មភាពច្រើនក្នុងវេទិកា មហាជន ដូចជាពិធីសម្ពោធសមិទ្ធផល ការចែកសញ្ញាបត្រ រួមនិងពិធីផ្សេងៗទៀត។ វត្តមានរបស់លោកក្នុងពិធីសាធារណៈទាំងនោះ តែងទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋគ្រប់វ័យ រាប់ចាប់ពីកុមារា កុមារី យុវជន យុវតី និងលោកតាលោកយាយផងដែរ។
តាមរយៈរូបភាព និងសកម្មភាពទាំងនោះ បានស្តែងឱ្យឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនរបស់បក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជា ពោរពេញដោយប្រជាប្រិយភាព និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕វិមាន៧មករា