អន្តរជាតិ ៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ១៥,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ខណៈក្រុមអ្នកជួយសង្គ្រោះនៃប្រទេសទាំង២ កំពុងបន្តធ្វើប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេរៀងៗខ្លួន ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ជាប់នៅក្រោមគំនរ អគារបាក់បែក ចំពេលស៊ីតុណ្ហភាពធ្លាក់ចុះកាន់តែត្រជាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ២,៩៩២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ១២,៣៩១នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ១៥,៣៨៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួន អ្នករងរបួសវិញនៅតួកគីមានចំនួន ៥២,៩៧៩នាក់ ហើយមនុស្សជាង ៨,០០០នាក់ត្រូវបានជួយសង្គ្រោះ និងទាញចេញដោយនៅមានជីវិតពីគំនរអគារបាក់បែក។ នៅឯស៊ីរីវិញ អ្នករងរបួសមានច្រើនជាង ២២,០០០នាក់។
អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ នាពេលនេះ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្គ្រោះ ដើម្បីជួយប្រទេសតួកគីនិងស៉ីរី។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិតនៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕