ខេត្តកែប ៖ ប្រតិបត្តិការសកម្មភាពរុករកកម្មកររងគ្រោះថ្នាក់ដោយឧបទ្ទវហេតុអគាររលំ នៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប វេលាម៉ោង៤:១៥ ល្ងាច ថ្ងៃទី០៣ ខែមករា ២០២០ ដោយប្រើរយះពេលជិត២ថ្ងៃ (43ម៉ោង និង២០នាទី) ត្រូវបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង១១:៣៥ ថ្ងៃត្រង់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំមន្ត្រីកងកំលាំងនគរបាលខេត្តចុះសហការជាមួយ កំលាំងស្នងការនគរបាលខេត្តកំពត តាកែវ យោធាខេត្ត កងរាជអាវុធហត្ថខេត្ត និងអង្គភាពជំនាញផ្សេងទៀត ប្រតិបត្តិការរុករកជនរងគ្រោះក្នុងគំនរបាក់បែកនៃអគាររលំ ។
ជនរងគ្រោះដែលក្រុមការងារចម្រុះយកចេញពីគំនរអគាររលំ មានចំនួនសរុប៥៩នាក់ ក្នុងនោះបាត់បង់ជីវិត៣៦នាក់។ ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការសម្តេចបានកោតសរសើរ និងផ្តល់ជូនថវិកាដល់មន្ត្រីកងកំលាំងប្រដាប់អាវុធទាំងអស់ និងអង្គភាពជំនាញផ្សេងទៀតផងដែរ។ ដោយឡែកក្រោយពីបញ្ចប់ការដឹកនាំបញ្ជាក្នុងការរុករក សម្តេចតេជោ និងប្រតិភូអមដំណើរ បាននិវត្តន៍ត្រឡប់ទៅភ្នំពេញវិញដោយសុវត្ថិភាព៕