ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថខេត្ត បានរកឃើញ ជនរងគ្រោះចំនួន៣នាក់ក្នុងចំណោមជនរងគ្រោះចំនួន៤នាក់ដែលបានលិចទូកក្នុងដងទន្លេមេគង្គហើយ គឺបន្ទាប់ពីរកឃើញឪពុក ពេលនេះបានរកឃើញកូនស្រី និងចៅម្នាក់ទៀតនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ។ ដូច្នេះនៅសល់តែចៅប្រុសម្នាក់ទៀតទេ នៅមិនទាន់រកឃើញនៅឡើយ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះមួយគ្រួសារមានគ្នាចំនួន ៨នាក់បានលិចទូកបាត់ខ្លួនចំនួន៤នាក់ មានឪពុក កូនស្រីបង្កើតម្នាក់ និងចៅពីរនាក់ នៅចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
លោក អ៊ុង សុភ័ក្ត្រ មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំជាឪពុក បានរកឃើញនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ។ចំណែក ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ឆ្នាំ(ត្រូវជាកូន) , ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ(ត្រូវជាចៅ)បានរកឃើញហើយនៅព្រឹកថ្ងៃទី១៦កុម្ភៈនេះ ,នៅតែ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាចៅប្រុស)ម្នាក់ប៉ុណ្ណោះមិនទាន់រកឃើញទេ។
លោកមេប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះឪពុកកូនស្រីរួមទាំងចៅពីរនាក់មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គ្រួសារនេះមានប្រាំបីនាក់ជិះទូកក្នុងគោលបំណងទៅធ្វើកម្មករលីឥដ្ឋតែក៏ត្រូវជួបហេតុការណ៍ដ៏រន្ធត់នេះត្រូវបានទឹកគួចលិចទូក បណ្ដាលឲ្យបាត់សមាជិកគ្រួសារអស់ចំនួន ៤នាក់ ខណ៤នាក់ទៀតត្រូវបានសង្គ្រោះទាន់ពេលវេលា។
លោក អ៊ុង សុភ័ក្ត្រ មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កុម្ភៈនេះថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងនាំយកអំណោយនិងថវិកាមួយចំនួនផ្ដល់ជូនក្រុមគ្រួសាររងគ្រោះដើម្បីដោះស្រាយទុក្ខលំបាកផងដែរ៕