អន្តរជាតិ ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរទស្សនកិច្ចដោយមិនមានការប្រកាសមួយ កាលពីថ្ងៃចន្ទ ពោលគឺមួយថ្ងៃ បន្ទាប់ពីមានការប្រមូលផ្តុំគ្នាតវ៉ាពីក្រុមបាតុករនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងគោលនយោបាយការបរទេសដែលបង្កសង្គ្រាមរបស់សហរដ្ឋអាមេរិក និងតួនាទីរបស់ខ្លួននៅក្នុងជម្លោះផ្សេងៗនៅទូទាំងពិភពលោក។
លោក Biden បានពិភាក្សាជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky អំពីស្ថានភាពនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រកាសផ្តល់ជំនួយយោធាចំនួន ៥០០ លានដុល្លារបន្ថែមទៀតសម្រាប់ក្រុងគៀវ ខណដែលជំនួយនេះត្រូវបានគេជឿថានឹងបង្កើនវិបត្តិនៅអ៊ុយក្រែន បន្ថែមទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Zelensky លោក Biden បាននិយាយថា កញ្ចប់ជំនួយថ្មីនឹងរួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល High Mobility Artillery Rocket Systems (HIMARS) និងប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ព្រមទាំងឧបករណ៍យោធា និងអាវុធជាច្រើនទៀត។
ទន្ទឹមនោះ លោក Biden បានបន្ថែមថា អាមេរិក និងសម្ព័ន្ធមិត្ត បានត្រៀមរថក្រោះជិត ៧០០ គ្រឿង និងរថពាសដែករាប់ពាន់គ្រឿង ក៏ដូចជាប្រព័ន្ធកាំភ្លើងធំចំនួន ១,០០០ គ្រឿង ផងដែរសម្រាប់ផ្ដល់ដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Biden បានធ្វើឡើង ៤ ថ្ងៃមុន គំរបខួប ១ ឆ្នាំនៃការផ្ទុះឡើងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខណដែលពិភពលោក កំពុងបង្ហាញក្ដីព្រួយបារម្ភចំពោះតួនាទីរបស់អាមេរិក ក្នុងជម្លោះនេះ៕