ភាគីកូរ៉េសន្យាថានឹងបង្កើនកូតាពលករកម្ពុជាឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ខណៈពេលក្នុងឆ្នាំ២០២២កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថាពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េស្រលាញ់ពេញចិត្តជាខ្លាំង។
ការសន្យានេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៉ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក្តី សាធារណរដ្ឋកូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ លោកសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជាបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េឱ្យកាន់តែមានផលិតភាពខ្ពស់។
ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។
ឯកឧត្តម អ៉ិត សំហេង ពិតជារីករាយចំពោះគម្រោងដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រីចង់ឱ្យពលករកម្ពុជាស្ថិតក្នុងអាទិភាពខ្ពស់មួយក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថានឹងធ្វើការជ្រើសរើស៕វិមាន៧មករា