រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានអំពាវនាវដល់ស្វាមី ភរិយា ឬគូសង្សារ ដែលបែកបាក់គ្នា សុំកុំប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook ជាវេទិកាហែកហួរគ្នា ព្រោះមិនមានអ្វីល្អឡើយ ក្រៅតែពីបង្កភាពអាម៉ាសចំពោះកូនៗ ក្រុមគ្រួសារ និងខ្លួនឯង។
ជាមួយគ្នានេះ សម្តេចតេជោ បានកត់សម្គាល់ឃើញថា បន្ទាប់ពីសម្តេចបានអំពាវនាវ ដល់គូស្វាមីភរិយា ឬសង្សារ ដែលបែកបាក់គ្នា សូមកុំឲ្យហែកកេរ្តិ៍គ្នា តាមបណ្តាញសង្គមរួចមកនោះ ឃើញថា សកម្មភាពហែកហួរគ្នាតាមបណ្តាញសង្គម ត្រូវបានកាត់បន្ថយ។
ការអំពាវនាវជាថ្មីរ បស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មុនពេលមានការអំពាវនាវរបស់ខ្ញុំ នៅពេលដែលបុរស និងស្ត្រីលែងលះគ្នា និងបែកបាក់គ្នា ដោយជាប្តីប្រពន្ធក្តី ជាសង្សារក្តី ហែកហួរគ្នាទៅតាម Facebook មិនតិចទេ ប៉ុន្តែក្រោយការអំពាវនាវរបស់ខ្ញុំ ការហែកហួរគ្នាតាម Facebook នេះ ត្រូវបានកាត់បន្ថយ អីចឹងខ្ញុំសុំអំពាវនាវសាជាថ្មីម្តងទៀត ចំពោះស្ត្រីក្តី បុរសក្តី បើទោះបីថាខ្លួនបែកបាក់គ្នា រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នារ តែត្រូវកិត្តិយសឲ្យកូនដែរ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយ វាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាសមួយសម្រាប់កូន ឬបើសិនជាគ្មានកូនទេ វាក៏បង្កើតនូវភាពអាម៉ាសមួយសម្រាប់ក្រុមគ្រួសាររបស់យើង និងខ្លួនយើង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងផងដែរថា បើតាមរបាយការណ៍ចំនួនអំពើហិង្សាលើស្ត្រីមានការថយចុះ ប៉ុន្តែអំពើធ្ងន់ធ្ងរមួយចំនួន នៅតែបន្តកើនឡើង ដូចជាករណីប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ឬក៏ទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរមួយចំនួន ដែលឈានដល់ការបាត់បង់ជីវិត។ សម្តេចបានជំរុញឲ្យក្រសួងស្ថាប័នជំនាញ ខិតខំលុបបំបាត់ នូវអំពើហិង្សាធ្ងន់ធ្ងរទាំងនោះ តាមរយៈសកម្មភាពព្រមៗគ្នារទាំងបុរស និងស្ត្រី គឺការគោរពគ្នាទៅវិញទៅមក។
សម្តេចបានកត់សម្គាល់ទៀតថា «យើងធ្លាប់តែលឺគេនិយាយថា ភរិយាឲ្យតែរៀបការរួច ទោះឆ្នាំអ្វី ក៏ក្លាយទៅជាឆ្នាំខ្លាដែរ ការពិតមិនដូច្នេះទេ រឿងពិតប្រាកដបុរសវិញទេ ដែលក្លាយខ្លួនទៅជាសត្វខ្លានោះ កន្លងទៅតើមានស្ត្រីប៉ុន្មាននាក់? ដែលលើកដៃវាយប្តីនោះ ប៉ុន្តែបុរសវិញទេ ដែលលើកដៃវាយប្រពន្ធ។ ហិង្សាកម្រណាស់ចេញពីស្ត្រី ប៉ុន្តែចេញពីបុរស ដូច្នេះទាមទារឲ្យធ្វើសកម្មភាព ព្រមៗគ្នាទាំងស្ត្រី និងបុរសការគោរពគ្នា ជាការចាំបាច់»។
សម្តេចបានជំរុញឲ្យបុរស និងស្ត្រី ដែលមានបញ្ហា ដោះស្រាយទំនាស់ដោយសន្តិវិធី មិនត្រូវប្រើប្រាស់អំពើហិង្សាឡើយ ទោះក្នុងកម្រិតណាក្តី ក៏គួរត្រូវបញ្ឈប់ ព្រោះហិង្សាមិនមែនជា ដំណោះស្រាយល្អទេ ផ្ទុយទៅវិញថែមទាំងបង្កើតឲ្យមានវិប្បដិសារី ឬឈានដល់ទោសទណ្ឌទៀតផង៕ដោយ វិមាន៧មករា