ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ បានឆ្លើយតបចំនួន ០៣ចំណុច ទៅកាន់អ្នកយកព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ពាក់ព័ន្ធនឹងសារៈសំខាន់នៃសារព័ត៌មានឯករាជ្យក្នុងដំណើរការបោះឆ្នោត ដោយឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍ទាំងស្រុងដូចខាងក្រោមថា ៖
ទី១ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះអ្នកសារព័ត៌មាន អាចបំពេញតួនាទីភារកិច្ច របស់ខ្លួនដោយសេរី ដោយត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានហ្មត់ចត់ ហើយចំពោះការធ្វើសេចក្ដីរាយការណ៍ព័ត៌មាន ឬការចូលយកព័ត៌មាននៅអំឡុងពេលបោះឆ្នោត ក្រសួងព័ត៌មានលើកទឹកចិត្តដល់អ្នកសារព័ត៌មានក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ត្រូវចូលរួមសហការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់បោះឆ្នោត និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត។
ទី២ សម្រាប់ក្រសួងព័ត៌មាន មិនមានការព្រួយបារម្ភអ្វីនោះទេ ចំពោះការខ្វះខាតអ្នកសារព័ត៌មាន និង គុណភាពនៃការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតនាពេលខាងមុខនោះទេ ពីព្រោះនាពេលបច្ចុប្បន្ន នេះ នៅកម្ពុជាមានអង្គភាពសារព័ត៌មានដែលមានភាពចម្រុះ និងទស្សនៈគ្រប់និន្នាការដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងប្រមាណជាង ២ ១០០ និងមានអ្នកសារព័ត៌មានជាង ៥ ០០០នាក់ ដែលក្រសួងព័ត៌មាន បានចេញបណ្ណសារព័ត៌មានឱ្យ ដែលចំនួននេះមិនទាន់គិតដល់ចំនួនអ្នកសារព័ត៌មានដែលសាម៉ីអង្គភាពសារព័ត៌មានចេញឱ្យអ្នកសារព័ត៌មានខ្លួនដោយផ្ទាល់ផង។ បន្ថែមពីនេះ ការបាត់បង់ការងាររបស់អ្នកសារព័ត៌មានដប់ម្ភៃអ្នក ពុំមែនជាឧបសគ្គ ឬរបាំង ឬជាកត្តាកំណត់ ដែលធ្វើឱ្យគុណភាពនៃការរាយការណ៍ព័ត៌មានធ្លាក់ចុះនោះទេ ព្រោះនៅមានអ្នកសារព័ត៌មានដែលមានទស្សនៈ គ្រប់និន្នាការផ្សេងទៀត នៅតែបំពេញតួនាទីភារកិច្ចរបស់ពួកគេយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជន។
ទី៣ ក្រសួងព័ត៌មានមិនដែលមានទស្សនៈបែបរើសអើង និងបំបែកបំបាក់សាមគ្គីភាពក្នុងរង្វង់គ្រួសារ សារព័ត៌មាននៅកម្ពុជាដូចក្រុមអគតិមួយក្តាប់តូចនោះទេ។ ក្រសួងព័ត៌មានតែងតែផ្តល់នូវការទទួល ស្គាល់នូវតម្លៃសារព័ត៌មានស្មើៗគ្នា ដោយមិនមានការបែងចែកថាសារព័ត៌មាននេះឯករាជ្យ ឬមិនឯករាជ្យដូចក្រុមមួយក្តាប់តូចនោះទេ និងតែងតែវាយតម្លៃខ្ពស់ចំពោះសារព័ត៌មានទាំងឡាយណាដែលបានគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
ឯកឧត្តមបានបន្ថែមថា ឯករាជ្យភាពរបស់សារព័ត៌មាននៅកម្ពុជាត្រូវបានធានាយ៉ាងពេញលេញដោយច្បាប់ស្តីពីរបបសារព័ត៌មាន។ តាមរយៈច្បាប់នេះ អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា បាននិងកំពុងបំពេញតួនាទីភារកិច្ចរបស់ពួកគេដោយឯករាជ្យ ការសម្រចចិត្តដោយស្វ័យភាព គ្មានការជ្រៀតជ្រែក និងគ្មានការបង្ខិតបង្ខំឱ្យផ្សព្វផ្សាយ ឬមិនអោយផ្សព្វផ្សាយព័ត៌មាននោះទេ។ បន្ថែមពីនេះ ឯករាជ្យភាព ភាពចម្រុះ និងទស្សនគ្រប់និន្នាការរបស់សារព័ត៌មាននៅកម្ពុជា នៅតែត្រូវបានធានាការយ៉ាងមានប្រសិទ្ធភាព និងពុំមានការខ្វះខាតឡើយ៕ដោយអាកាប៉េ