អន្តរជាតិ ៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយ ដែលវាគឺជាការបាញ់លើកចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង ពោលគឺប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នា។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីល និងបានបង្ហាញពីចរិតបង្កហេតុរបស់ខ្លួនជាបន្តបន្ទាប់។ ជាការឆ្លើយតប ទីក្រុងសេអ៊ូលបាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែខ្លាំងបន្ថែមទៀត។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានលើកឡើងថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីកំពង់ផែនាទីក្រុងណាមប៉ូ (Nampo) ភាគខាងលិចកូរ៉េខាងជើង នៅវេលាម៉ោង ៦ និង ២០ នាទីល្ងាច។ លោកបានបន្ថែមថា «យោធារបស់យើងបានរក្សាជំហរត្រៀមខ្លួនយ៉ាងពេញលេញរួចជាស្រេច រួមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការឃ្លាំមើល និងបង្កើនការប្រុងប្រយ័ត្នខ្លាំងបំផុត»។
គួររំលឹកថា កូរ៉េខាងជើង បានអះអាង ជាយូរមកហើយថា កម្មវិធី អាវុធ នុយក្លេអ៊ែរ និង មីស៊ីល របស់ ខ្លួន គឺធ្វើឡើង សម្រាប់ តែការពារ ខ្លួនប៉ុណ្ណោះ។ ហើយកូរ៉េខាងជើង ក៏បាន លើក ឡើងផងដែរ អំពី សមយុទ្ធ យោធារវាង អាមេរិក និង កូរ៉េខាងត្បូង ដោយបាន ពណ៌នា ថា វា គឺជា ការហាត់សមយោធា សម្រាប់ ធ្វើការ ឈ្លានពាន៕