ខេត្តកោះកុង ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាពដែលកំពុងមានឱ្យបានរឹងមាំជានិច្ច។ ការស្នើឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅពេលនេះធ្វើឡើងក្នុងពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហារថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តមុនីជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលសម្តេចបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហារថ្មី ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ត្រូវកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើអសកម្មទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដូចជា៖ ចោរលួច ប្លន់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាដល់ភាពរស់នៅសុខក្សេមក្សាន្តទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ គប្បីដោះស្រាយបញ្ហាប្រឈមនានាដែលជាតម្រូវការចង់បានពលរដ្ឋបម្រើដល់ការលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ។
អ្វីដែលសំខាន់ទៀតនោះ សម្តេចវិបុលសេនាភក្តី ប្រាប់ដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាល់ជូនប្រជាជនដោយគ្មានការរើសអើង ប្រកបដោយតម្លាភាព គុណភាព គណនីយភាព ប្រសិទ្ធភាព និងឆាប់រហ័ស។ ទន្ទឹមនេះ សម្តេចជឿជាក់ថា ពលរដ្ឋនឹងរួមគ្នាការពារទ្រព្យសម្បត្តិរដ្ឋ ការពារធនធានធម្មជាតិទុកប្រើប្រាស់ឲ្យបានយូរអង្វែង និងទុកជាមរតកសម្រាប់ប្រទេសជាតិ និងសម្រាប់កូនចៅគ្រប់ជំនាន់តរៀងទៅ។
សម្តេចប្រមុខរដ្ឋស្តីទី ក៏រម្លឹកដែរថា យើងនៅចងចាំមិនភ្លេចទេ ក្នុងទសវត្សរ៍ឆ្នាំ៧០ ព្រះពុទ្ធ-សាសនាត្រូវបានអាប់ឱនដោយសារសង្គ្រាម និងត្រូវកំទេចដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត។ ព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញជាមួយនឹងការរស់ឡើងវិញរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនាត្រូវបាន ស្ដារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនាជាមួយអ្នកកាន់ជំនឿ និងសាសនាផ្សេងៗទៀតដែលមានវត្តមាននៅកម្ពុជាបច្ចុប្បន្ន។សម្តេចក៏ផ្ញើសារដល់ជនរួមជាតិ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាយើងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋសភានីតិកាលទី៧។ ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រាយការណ៏ថា ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានអនុវត្តទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលាយ៉ាងល្អប្រសើរ។លោកជំទាវអភិបាលខេត្ត អះអាងដែរថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យខេត្តកោះកុង មានឱកាសអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ប័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនគួរឱ្យកត់សម្គាល់។ ជាពិសេសវិស័យសាសនា ក៏ត្រូវបានផ្តល់នូវការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បម្រើដល់ការគោរពប្រណិប័តន៍ ប្រកដោយភាពសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។
សូមបញ្ចាក់ថា វិស័យអាណាចក្រនិងពុទ្ធចក្របាននិងកំពុងរីកចំរើនទន្ទឹមគ្នា ក្រោមប្លម់សន្តិភាព ដឹកនាំដោយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕