ខេត្តកោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញចូលរួមបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោកអភិបាលគ្រប់បណ្តាស្រុកមន្ត្រីរាជការគ្រប់ស្ថាប័ន ចៅសង្កាត់មេឃុំស្មៀនផងដែរ។ អង្គសន្និបាតនេះ ធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រព ខេត្តកោះកុង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារ នៅគ្រប់មូលដ្ឋាន ក្នុងគោលបំណងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានា របស់ក្រុមប្រឆាំងជ្រុលនិយម ដែលប្រឌិតបំផុសបំផុល ញុះញង់ ប៉ុនប៉ង បង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គម បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរគ្រប់មូលដ្ឋាន។
ជាពិសេសត្រូវបង្កើនកិច្ចសហការ ក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុស ឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត និងរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗ ឲ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។
លោកជំទាវ មិថុនា ភូថង បានលើកឡើងថា អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២០ ចំណុច។
ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម បន្តក៏សាងហេដ្ឋារចនាសម្ព័ន្ធនៃទីរួមខេត្ត បន្តទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយខេត្តជាប់ព្រំដែន បន្តជំរុញអភិវឌ្ឍន៍ផ្លូវលំជនបទ លើកកម្ពស់ឧស្សាហកម្មកែច្នៃ ជំរុញការអភិរក្ស និងគ្រប់គ្រងធនធានជលផល បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យនៃការអនុវត្តក្របខណ្ឌគតិយុត្ត បន្តពន្លឿនអនុវត្តកម្មវិធីផ្តល់សម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្រ។
លោកស្រី អភិបាលបន្ថែមថា មន្ត្រីរាជការគ្រប់បណ្តាអង្គភាពនិងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តជំរុញរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ឲ្យរៀបចំដីសម្រាប់ធ្វើទីលានចាក់សំរាម ជំរុញនិងពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណ និងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការងារដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេស និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យផងដែរ។
ក្នុងការប្រារព្ធបិទអង្គពិធី សម្តេចពិជ័យសេនា បានបំពាក់គ្រឿងឥស្សរៈយ័សដល់មន្រី្ដរាជការ ដែលមានស្នាដៃក្នុងការបំពេញការងារចំនួន៨៥នាក់ផងដែរ៕ដោយ វិមាន៧មករា