ខេត្តសៀមរាប ៖ មន្ដ្រីរដ្ឋករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា ការសាងសងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានសម្រេច ៩៩% ហើយ ដោយគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា រោងចក្រផលិតទឹកស្អាតនេះ ក្រោមគម្រោងឥន្នទានរបស់អង្គការJACA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋបានជាង៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប។ជាមួយគ្នានេះ រោងចក្រថ្មីនោះមានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគូបផងដែរ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៏អាចចែកចាយទឹកស្អាតបានដែរ។
លោកបានបន្ដថា រោងចក្រផលិតទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តរបស់ខេត្ដសៀមរាបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលលើកការអភិវឌ្ឍន៍វិស័យទឹកស្អាត។ជាពិសេសសមិទ្ធផលដ៏ធំនេះ កើតឡើងដោយសារប្រទេសជាតិមានសន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍន៍គ្រប់វិស័យដែរ។
លោកបានបន្ដថា ការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយនៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគងផងដែរ។
លោកបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតខេត្ដសៀមរាបមានចំនួន ៣កន្លែងហើយ ដោយពីរកន្លែងទៀតនៅសង្កាត់ទឹកវិល អាចផលិតទឹកសម្រាប់ទាំងប្រជាពលរដ្ឋ និងទេសចរជាង ២៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលរាប់ទំាងរោងចក្រថ្មី នៅសង្កាត់ជ្រាវផង អាចចែកចាយ និងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានសម្ថភាពគ្រប់គ្រងទៅលើតម្រូវការទឹកស្អាតនៅក្រុងសៀមរាបរហូតដល់ទៅឆ្នាំ២០៣០។
បើតាមលោក សៀក ប៉េងគៀង បានឱ្យដឹងថា រោងកច្រផលិតទឹកស្អាតថ្មីនេះ បានចាប់ផ្ដើមកសាងនៅឆ្នាំ២០២០ និងគ្រោងសាងសង់រួចរាល់នៅខែឧសភាស្ថិតនៅលើផ្ទៃដីចំនួន ៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ១១៥លានដុល្លាអាមេរិក។ លោកបន្ដថា រោងចក្រផលិតទឹកស្អានេះ គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភាឆ្នាំ២០២៣ ក្រោមអធីបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដកស្រង់ពីអាកាប៉េ