រាជធានីភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅមកស្រុកកំណើតដោយឥតគិតថ្លៃ។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងតាមរយៈសេចក្ដីជូនដំណឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុញ្ញតឱ្យរថយន្តក្រុងដឹកបងប្អូនប្រជាពលរដ្ឋទៅមកតាមបណ្តាលខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់ការដឹកជញ្ជូននេះនឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពោលគឺចេញដំណើរនៅម៉ោង៥:៣០នាទីព្រឹក។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។ ដោយឡែកសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ដែលមានគោលដៅ និងទីតាំងផ្សេងៗគ្នា។
ទន្ទឹមនឹងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុនេះទេ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការដាក់ឱ្យមានការជិះរថយន្តឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះធ្វើឡើងដោយ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕