ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រាល់ការធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ មន្ត្រីជំនាញដាច់ខាតមិនត្រូវទារលុយពីប្រជាពលរដ្ឋនោះទេ ហើយមន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារ ត្រូវធ្វើការងារជាមួយគ្នា ឱ្យបានល្អ លឿន រហ័សជូនប្រជាពលរដ្ឋ កុំកិចកុក ពិសេសហាមដាច់ខាតរឿងដីរដ្ឋ ហាមដាច់ខាតចេញប្លង់ឱ្យគេ។
ការថ្លែងបែនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី, មន្ត្រីជាប់កិច្ចសន្យា, អ្នកស្ម័គ្រចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ៗថា «បើលឺថាមន្ត្រីណាហ៊ានកិចកុកទារលុយទារកាក់ ហ៊ានបំពាន ដឹងថាធ្ងន់ក រឿងធំជាមួយខ្ញុំមិនខានឡើយ កុំថាខ្ញុំមិនបានប្រាប់»។
ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជំរុញដល់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សតាមការគ្រោងទុក និងស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីរសហការគ្នា និងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។ បន្តយកចិត្តទុកដាក់ដោះស្រាយវិវាទដៃធ្លីនៅក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ។
បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈដីធ្លីជូនប្រជាពលរដ្ឋ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបានធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល, កាន់តែឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព។ បន្តរួមសហការគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងឱ្យបានល្អប្រសើរ។
បើតាមលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្ដាល ប្រតិបត្តិការចប់បានពីរក្រុង-ស្រុក គឺស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ និងកំពុងបន្តអនុវត្តនៅ ស្រុកល្វាឯម ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកពញាឮ ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកលើកដែក។
ប្រធានមន្ទីររូបនេះ បានបន្តថា គិតតាំងពីការចាប់ផ្តើមដំណើរការចុះបញ្ជីជាលក្ខណៈប្រពន្ធរហូតមកដល់ពេលនេះទូទាំងខេត្តសម្រេចបានលទ្ធផលដូចខាងក្រោម៖
*ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៩៩ឃុំ ស្មើនឹង ៦០៦ភូមិ
*ប្រមូលទិន្នន័យ, បញ្ចូល និងគូរ បានចំនួន ៤០៩,៥៧៤ក្បាលដី
*បិទផ្សាយទិន្នន័យ បានចំនួន ៣៨២,៤៣៨ក្បាលដី
*កំណត់ព្រំ បានចំនួន ៤០៥,២៩០ក្បាលដី
*វិនិច្ឆ័យ បានចំនួន ៤០៥,២៩០ក្បាលដី
*ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៤២,៩២៣បណ្ណ
*ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ បានចំនួន ២៧០,៩២៦បណ្ណ៕ដកស្រង់ពីវិមាន៧មករា