ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមអត្តពលិក និងប្រតិភូកីឡា កម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្ត និងជូនពរដល់ក្រុមអត្តពលិទ្ធិនិងប្រតិភូ កីឡាកម្ពុជា ឱ្យទទួលបានជោគជ័យ ដណ្តើមមេដាយឱ្យបានច្រើនជាអតិបរមា ក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយល្ងាចថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រូពេទ្យ ដែលបានសហការរៀបចំកម្មវិធី កម្សាន្តនានា ព្រមទាំងខិតខំធានាការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈបាន ល្អប្រសើរក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ កន្លងទៅ ក៏ដូចជាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយ រលូននិងជោគជ័យ ប្រកបដោយភាពសប្បាយរីករាយនិងសាមគ្គីជាតិ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅចំពោះក្រុមអត្តពលិក និងប្រតិភូកីឡារបស់បណ្តាប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡា ខាងលើនេះ ព្រមទាំងរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងទទួលបានភាព រីករាយជាអតិបរមា ដើម្បីរឹតចំណងសាមគ្គីភាពនិងមិត្តភាពរវាងបណ្តាប្រទេសសមាជិកអាស៊ាន ទាំងអស់។
រាជរដ្ឋាភិបាល ប្រកាសលើកលែងការបង់ថ្លៃសិទ្ធិចូលរួមប្រកួតរបស់អត្តពលិកទាំងអស់ និង ផ្ដល់ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដោយឥតគិតថ្លៃចំពោះអត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាល ប្រកាសផ្តល់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដោយមិនគិតថ្លៃ ជូនដល់ក្រុមអ្នកគាំទ្រអត្តពលិក នៃបណ្ដាប្រទេសដែលចូលរួមប្រកួត ដោយកំណត់ចំនួនជាក់លាក់ និងប្រគល់តាមរយៈប្រតិភូកីឡា ដែលតំណាងឱ្យប្រទេសនីមួយៗ។ សម្ដេចតេជោ ក៏បានស្នើឱ្យ រដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេសត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋអាចទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ បានដោយសេរី ដោយត្រូវរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួត នៅតាមបណ្ដាទីតាំង សមរម្យក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ៕ដកស្រង់ពីអាកាប៉េ