រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នៅថ្ងៃចន្ទ (១៥ ឧសភា) បានបដិសេធសំណើសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀនដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទ គ.ជ.ប បញ្ជាក់ថា៖ «បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥មណ្ឌលរាជធានីខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម»។
កាលពីពេលកន្លងទៅ គ.ជ.ប បានទាមទារឱ្យគណបក្សភ្លើងទៀនដាក់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ ហើយឯកសារចុះបញ្ជីគណបក្សនយោបាយដើម ដែលស្ថាប័ន គ.ជ.ប ទាមទារ គឺបានបាត់អំឡុងពេលតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ នេះបើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀន៕