រាជធានីភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានប្រកាសអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សាភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព។
សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ទី១៩ ខែឧសភានេះ បង្ហាញថា រាជរដ្ឋាភិបាល បានធ្វើការអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សខ្លួននៅទូទាំងប្រទេស ដើម្បីតស៊ូមតិ លើករណី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ មិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ។
សេចក្តីប្រកាស លើកឡើងថា ព្រោះនេះ គឺជាទង្វើដ៏ល្ងង់ខ្លៅ និងគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំងដល់ការបោះឆ្នោត ដោយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាពចលាចល និងអស្ថិរភាពក្នុងសង្គម ពិសេសក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ជាមួយគ្នានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភានេះ ក៏បានលើកឡើងករណីកាត់ទោសលោក កឹម សុខា ផងដែរ។
សេចក្តីប្រកាស លើកឡើងថា សាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ។
សេចក្តីប្រកាស បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕