ទីស្តីការក្រសួងមហាផ្ទៃ ៖ កាលពីថ្ងៃសុក្រ ទី19 ខែឧសភា ឆ្នាំ2023 មានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារសម្រេចបាន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងប្រកាសសមាសភាពប្រធាន អនុប្រធានអង្គភាព និងសមាជិកអង្គភាពចំណុះលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម.។
សមាសភាពអញ្ជើញចូលរួម មាន ឯកឧត្តម ម៉ៅ សំបុណ្យ អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក មែ ស៊ីខេងរ៉ាន់ឌី អគ្គនាយករង និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ ប៊ុណ្ណារិទ្ធ អគ្គាធិការរង និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម. ប្រធានអង្គភាព និងសមាជិក អង្គភាព ចំណុះលេខាធិការដ្ឋាន សរុប 38រូប។
អង្គពិធី បានលើកឡើងពីលទ្ធផលសម្រេចបាននាពេលកន្លងមក ដោយបានចងក្រងជាសៀវភៅ និងបានកំណត់ទិសដៅបន្ត ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងគ្រោងរៀបចំកិច្ចប្រជុំបូកសរុបប្រចាំអាណត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។
ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានលេខាធិការដ្ឋាន បានធ្វើការប្រកាសសមាសភាព ដែលទទួលបានការតែងតាំង កោតសរសើរ និងបានផ្តល់អនុសាសន៍ ណែនាំដល់មន្រ្តី ទាំងអស់ ឱ្យមានសាមគ្គីភាពគ្នា និងរួមគ្នាបន្តទៀត ក្នុងការបំពេញភារកិច្ច ជូនអង្គភាព និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសព្វ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕