រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា មូលហេតុដែលសម្តេចមិនស្នើលើកលែងទោសឱ្យមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅលើ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏ដោយសារតែសម្តេចមិនទុកចិត្តបរទេស ដែលធ្វើនយោបាយចាប់ដៃជាន់ជើង។
ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានវត្តមានទូតបារាំង ទូតជប៉ុន និងទូតប្រទេសមួយចំនួនទៀត។
សម្តេចតេជោ បានរំលឹករឿងកន្លងទៅដែលថា បរទេសទាំងនោះបានធ្វើការជាមួយសម្តេច ហើយបន្ទាប់មកទៅធ្វើការជាមួយជនដែលតុលាការបានកាត់ទោសហើយ កំពុងនៅជាប់ឃុំ។
សម្តេចបានបន្តថា «អស់លោកគិតថាខ្ញុំជាក្មេងបៀមដៃឬ? អស់លោក គិតថាខ្ញុំនេះអាចចាប់ដៃជាន់ជើងបាន? អត់ទេសូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាលអានយោបាយបែបហ្នឹង»។
លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដោយដាក់ពន្ធនាគារ២៧ឆ្នាំ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត។ តុលាការ បានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។
នៅក្នុងកម្មវិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើថ្ងៃក្រោយ នរណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលនោះនឹងត្រូវឱ្យអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ ដោយមិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោស។
សម្តេចបានបន្តថា «មិនចង់ឱ្យមានការជ្រៀតជ្រែកពីបរទេស នេះជាកិច្ចការរបស់កម្ពុជា ហើយសូមមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីបស្ចិមប្រទេស ដែលមិនព្រមទទួលយល់នូវអ្វីដែលកម្ពុជាបានពន្យល់អំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដូច្នេះសម្តេចក៏មិនយល់អំពីនាវាមុជទឹកដើរដោយថាមពុលនុយក្លេអ៊ែដែរ។
សម្តេចបានបញ្ជាក់ថា៖ «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ អញ្ចឹងដូចករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្ញុំ»។
សម្តេចតេជោបានរំលឹកថា សម្តេចបានដឹកនាំប្រទេសកម្ពុជា ដោយចាប់ផ្តើមពីផ្តួលខ្មែរក្រហមតាំងពីអាយុ២៥ឆ្នាំ ហើយធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ ដែលរហូតមកដល់ពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត។
សម្តេចបានបន្តថា៖ «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ មកដល់ពេលនេះ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ហើយមិនចេះឆ្លើយតបជាមួយសភាពការណ៍ទេ ដែលខ្ញុំសូមឱ្យយល់ថា ពីនេះទៅដល់ការបោះឆ្នោត សូមឱ្យអស់លោកស្ងៀមស្ងាត់ ទុកឱ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា»៕ដកស្រង់ពិវិមាន៧មករា