រាជធានីភ្នំពេញ ៖ កាលពីទី២៧ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមទាំងអស់ដែលទទួលបានប័ណ្ណសរសើរ សម្រាប់ការចូលរួមជាមួយក្រុមការងារសៀវភៅ ”កូនប្រុសច្បងដ៏មានឥទ្ធិពល” ក្នុងបេសកកម្មផ្សព្វផ្សាយសៀវភៅដែលសរសេរអំពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រដ្ឋបាលខណ្ឌ-ក្រុង-ស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពជោគជ័យ សប្បាយរីករាយ អនុស្សាវរីយ៍ និងមោទនភាព ។
សូមរំលឹកផងដែរថា ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារចុះចែកសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” រួមនិងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិត-នៅកម្ពុជា និងលោក លឹម ហេង បានថ្លែងអរគុណដល់ភរិយា ទាំងអស់របស់ក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ដែលបានចូលរួមគាំទ្រនិងអនុញ្ញាតអោយស្វាយបីរបស់ខ្លួនបានចុះបំពេញបំពេញបេសកកម្មចែកសៀវភៅ ដេីម្បីផ្សព្វផ្សាយនូវសៀវភៅដែលសរសេរអំពីប្រវត្តិស្នាដៃសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ រដ្ឋបាលខណ្ឌ-ក្រុង-ស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ។
សូមបញ្ជាក់ថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យខ្លាំងណាស់ សម្រាប់ជាមូលដ្ឋានដល់មន្ត្រីទូទៅ និងសិស្សនិស្សិតយេីងបានធ្វេីការឈ្វេងយល់ឲ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ ។ ហេីយ ឯកឧត្តម ពៅ សុខ ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរបានដឹងបន្តគ្រប់ៗជំនាន់តរៀងទៅ ។
ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន សមាជិកក្រុមប្រឹក្សាសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាប្រធានក្រុមការងារសៀវភៅ ក៏បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ៕