ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) ០១លើក ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១៩នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ចំនួន ១៦គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ០១, កៅស៊ូសង្វៀនជល់មាន់ ចំនួន ០៦ដុំ, កំសៀវដាំទឹកសម្រាប់ស្អំមាន់ជល់ ០១ និងនាឡិកាកំណត់នាទី ចំនួន ០១គ្រឿង ។
ករណីនេះ ការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី-ច្បាប់៕ប្រភពនគរបាលជាតិ