ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នាវាទេសចរណ៍បរទេស ០១គ្រឿង មានឈ្មោះ INSIGNIA បាននាំ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទេសចរនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេស ខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តតាមតំបន់ឆ្នេរសមុទ្រ រមណីយដ្ឋាននានា ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ INSIGNIA សញ្ជាតិ ISLAND មានបណ្ដោយ ១៨០,៤៥ម៉ែត្រ ទទឹង ២៥,៤៦ម៉ែត្រ មានជម្រៅទឹក ៦ម៉ែត្រ ផ្ទុកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ៥៩៨នាក់ (ស្រី ៣០៩នាក់) មាន ២៣ សញ្ជាតិ និងមាននាវិកសរុបចំនួន ៤០០នាក់ (ស្រី ៦៦នាក់) មាន ៣៩សញ្ជាតិ នាវានេះបានធ្វើដំណើរមកពី ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
តាមការគ្រោងទុកនាវាទេសចរណ៍ INSIGNIA ចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង២១ និង ៣០នាទី នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា INSIGNIA ដែលមានសញ្ជាតិច្រើនជាងគេ មានដូចជា សហរដ្ឋអាមេរិកចំនួន ៤១២នាក់ កាណាដាចំនួន ៦៣នាក់ និងអង់គ្លេស ចំនួន ២៧នាក់ ក្រៅពីនោះភ្ញៀវទេសចរសម្រុះជាតិសាសន៍ផ្សេងទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍ CASTA SERENA ចូលចតកំពង់ផែក្រុងព្រះសីហនុ ដែលមានភ្ញៀវ ទេសចរបរទេសចម្រុះជាតិសាសន៍ សរុបចំនយន ២ ៦៤៣នាក់ (ស្រី ១ ៥៤៥នាក់) ស្មើនឹង ១៨សញ្ជាតិ៕