ខេត្តមណ្ឌលគិរី៖ ឈើប្រណិតជាច្រើនម៉ែត្រគូប ដែលត្រូវបានក្រុមឈ្មួញដឹកប្រមូលយកមកលាក់ទុកក្នុងព្រៃត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម ហើយក៏ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោក យូរ ប៊ុនស្រៀង ប្រធានស្នាក់ការប្រចាំការនៅខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងជំនាញពាក់ព័ន្ធកម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបប្រមូលដឹកជញ្ជូនយកមកប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ការបង្ក្រាបនោះកម្លាំងបានសហការធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងថា ការជំនួញឈើប្រណិតនោះមានក្រុមឈ្មួញតែងរកស៊ីដឹកជញ្ជូនដោយលួចលាក់លើដងផ្លូវក្នុងចំណុចភូមិសាស្ត្រខាងលើនោះ។ ហើយជាក់ស្តែងនៅយប់នោះទើប លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបានតែម្តង។
ក្នុងការបង្ក្រាបនោះកម្លាំងក៏បានធ្វើការប្រមូលដឹកជញ្ជូនឈើប្រណិតទាំងនោះជាវត្ថុតាងទាំងអស់បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តធ្វើកំណត់ហេតុចាត់ការបន្តតាមច្បាប់ ព្រៃឈើ៕