ខេត្តព្រះវិហារ ៖ អាជ្ញាធរថៃ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានបិទច្រកទ្វារអានសេះ មិនឱ្យអាជីវករខ្មែរ នាំផ្សិតប៉ក់ ចូលទៅលក់នៅទីផ្សារ ក្នុងប្រទេសគេទេ។ ច្រកទ្វារអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភ្លាមៗនោះ ខាងកម្ពុជា មានការកោះហៅប្រជុំ រកដំណោះស្រាយ រវាងភាគីថៃ និងកម្ពុជា ដើម្បីរកផលប៉ះពាល់ នៃការហាម និងបិទច្រកនេះ។
ភាគីទាំង២ បានប្រជុំពិភាក្សា ខាងកម្ពុជា មានចំនួន ៨ នាក់ ដឹកនាំដោយលោក ចិន ខន្តី ប្រធានស្នាក់ការច្រកអានសេះ និងជាអភិបាលរងស្រុកជាំក្សាន្ត។ ភាគីខាងថៃ មានចំនួន ៥ នាក់ ដឹកនាំដោយលោក អាក់ ថាក់ផុន ស៊ីអិន អភិបាលរងស្រុកណាំយឺន ទទួលបន្ទុកសន្តិសុខព្រំដែន។
ក្នុងការប្រជុំពិភាក្សា រវាងភាគីកម្ពុជា ថៃ ខាងកម្ពុជា បានសំណូមពរឱ្យភាគីថៃ រាល់ការប្រែប្រួល បន្ថែមកម្លាំងជំនាញ មកប្រចាំការ សូមផ្ដល់ដំណឹងមកស្នាក់ការ ខាងកម្ពុជាផង។ ភាគីថៃ បានឆ្លើយតបថា មិនមានការបន្ថែមកម្លាំងជំនាញទេ កម្លាំងគយមានស្រាប់ តែកន្លងមក មិនទាន់មកប្រចាំការ។
ភាគីកម្ពុជា បានសំណូមពរឱ្យភាគីថៃ កុំរិតបន្តឹងលើទំនិញរបស់កម្ពុជាខ្លាំងពេក ជាពិសេសផ្សិតប៉ក់។ រីឯទំនិញខាងថៃវិញ កម្ពុជាបានទិញមកច្រើនមុខណាស់។ ក្នុងនោះ ភាគីថៃបានឯកភាព ក្នុងការសម្របសម្រួល នាំចូលផ្សិតប៉ក់តាមច្រកនេះ តែឆ្នាំក្រោយ សូមឱ្យកម្ពុជា ធ្វើលិខិតអនុញ្ញាតច្បាប់ ជាមុនសិន ទើបត្រឹមត្រូវ។ ក្រោយពីបានប្រជុំឯកភាពគ្នារួចមក ច្រកអានសេះ បើកឱ្យដំណើរការជាធម្មតាវិញ៕