សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់គ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាព ហើយការរក្សាសន្តិភាពបាន គឺរក្សាការអភិវឌ្ឍបានហើយ ចឹងនៅពេលខាងមុខនេះសុំក្មួយៗទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅថ្ងៃបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការផ្តល់ពេលវេលាឱ្យកម្មករ កម្មការិនី បានឈប់សម្រាកចំនួន ៣ថ្ងៃ និងមានប្រាក់ខែនៅដដែល ដែលថ្ងៃឈប់សម្រាកនោះគឺនៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ ដើម្បីជួយ សម្រួលដល់ការធ្វើដំណើររបស់កម្មករ កម្មការិនី បានទៅបោះឆ្នោត។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យកម្មករ កម្មការិនី ខិតខំធ្វើយ៉ាងណាឱ្យរោងចក្ររបស់ខ្លួន ក្លាយទៅជារោងចក្រមានភាពសុខសាន្តមួយ ហើយធ្វើយ៉ាងមិចកុំឱ្យមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន មានបងតូច បងធំ មានជម្លោះក្នុងរោងចក្រ។ ក្នុងនោះបើមានបញ្ហាអ្វីត្រូវដោះស្រាយរួមគ្នា ដោយមានអាជ្ញាធរចូលរួមផងដែរ ដោយកុំពឹងផ្អែកតែខាងក្រសួងការងារ អាជ្ញាធរចូលរួមឱ្យបានដឹងសុខទុក្ខទាំងកម្មករ និងម្ចាស់រោងចក្រផងដែរ។
សូមជម្រាបដែរថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ប្រភពវិមាន៧មករា