ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំពន្លៃ ស្រុកបរិបូណ៌ សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិ ងឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត ដែលបានជួយបង្ក្រាបការលេងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញដើម្បីការពារភូមិ ឃុំ ឲ្យមានសុវត្ថិភាពពីអំពើលួចឆក់ប្លន់។
កាលពីរសៀលថ្ងៃទី២ ខែ១១ ឆ្នាំ២០២០ ក្រោមការបញ្ជារបស់ស្នងការខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី និងសម្របសម្រួលដោយឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត ដឹកនាំដោយស្នងការរង២រូប គឺឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី និងវរសេនីយ៍ត្រី ពេជ្រ រី និងប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ពេជ្រ សុឃឿ។
សមត្ថកិច្ច បានឡោមព័ទ្ធក្រុមអ្នកលេងល្បែងជល់មាន់១កន្លែង នាំខ្លួនមនុស្សចំនួន១៧នាក់ ម៉ូតូ ២១គ្រឿង ដែលមានម្ចាស់ទីតាំងឈ្មោះ ជុំ ថ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយពិនិត្យមានមនុស្សចំនួន១០ នាក់ដែលជាអ្នកប្រព្រឹត្តក្នុងការលេងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ចំណែក ៧ នាក់ទៀតត្រូវបានដោះលែងត្រឡប់ទៅផ្ទះវិញ ដោយសារអ្នកទាំងនោះគ្រាន់តែអង្គុយផឹកកាហ្វេមើលគេជល់មាន់មិនមានពាក់ព័ន្ធនិងបទល្មើស។
សូមរំលឹកថា កន្លងមកឧត្តមសេនីយ៍ទោ ខូវ លី ធ្លាប់បានបញ្ជាក់ប្រាប់ឲ្យដឹងថា បើមូលដ្ឋានណាកើតមានករណីល្បែងស៊ីសងនៅមូលដ្ឋាន មេប៉ុស្តិ៍ និងអធិការមិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកហូតមុខតំណែង ឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា និងបង្ក្រាបឲ្យបាន ពីព្រោះបញ្ហាល្បែងស៊ីសងមានពាក់ព័ន្ធជាមួយនឹង ភូមិ ឃុំ មានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅ ដែលអាចកើតមាននូវអំពើលួចឆក់ ប្លន់ នៅពេលដែលចាញ់ល្បែងដែលបង្កឲ្យមានអសន្តិសុខ។
បច្ចុប្បន្នមនុស្សចំនួន១០នាក់និង ម៉ូតូចំនួន ២១ គ្រឿងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2020 នេះ៕