ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និង នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អំណោយដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋនោះ នឹងធ្វើឡើងនៅពីរទីតាំង ពោលគឺ
ទី១៖ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និង
ទី២៖ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។
ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី ចំនួន ១កេស ត្រីខ ចំនួន ១យួរ ទឹកត្រី ចំនួន១យួរ ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកសុទ្ធ ចំនួន ១កេស ឃីត ចំនួន ១កញ្ចប់ ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ស្រុក/ក្រុង ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់៕