អន្តរជាតិ ៖ កម្រិតទឹកភ្លៀងដែលនៅសេសសល់ពីព្យុះទីហ្វុង បានរសាត់ទៅភាគឦសានប្រទេសចិន ពោលគឺទៅលើខេត្ត Heilongjiang ខណៈអាជ្ញាធរ ព្រមានអំពីការហក់ឡើងនៃកម្ពស់ទឹកទន្លេ និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។
ខេត្ត Heilongjiang គឺជាតំបន់ចុងក្រោយបង្អស់ដែលរងការវាយប្រហារដោយព្យុះ Doksuri ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស ខណប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសចិន ត្រូវបានតម្លើងដើម្បីសាកល្បង ចាប់តាំងពីទីក្រុងប៉េកាំង និងទីក្រុងក្បែរៗនោះរងការវាយប្រហារដោយកម្លាំងទឹក កាលពីសប្តាហ៍មុនមក។
ទន្ទឹមនោះ ក្រៅពីខេត្ត Heilongjiang ភាគខាងលិចនៃខេត្ត Jixi និងភាគខាងត្បូងខេត្ត Mudanjiang ត្រូវបានគេព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ខណៈភាគខាងជើងនៃខេត្ត Heihe ភាគខាងជើងខេត្ត Suihua ភាគខាងត្បូងខេត្ត Harbin Qitaihe និងភាគខាងកើតខេត្ត Jixi ក៏អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមដូចគ្នា។
គួរបញ្ជាក់ថា អ្នកព្យាករណ៍ជាតិរបស់ប្រទេសចិន បាននិយាយថា ផ្នែកផ្សេងទៀតនៃភាគឦសាននៃប្រទេស រួមទាំងម៉ុងហ្គោលីខាងក្នុង ផ្នែកនៃខេត្ត Jilin និងតំបន់ភាគកណ្តាល ភាគខាងកើតនៃខេត្ត Liaoning នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕