ខេត្តកណ្ដាល ៖ ថ្លែងពីលើវេទិកាក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបធៀបការបោះឆ្នោតនៅកម្ពុជា ក្រៅពីការប្រកួតប្រជែងដណ្ដើមកៅអ៉ីក្នុងរដ្ឋសភាហើយនោះ គឺជាការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យ និងអ្នកបំផ្លាញប្រជាធិបតេយ្យ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោតដែលទើបបញ្ចប់ទៅដោយរលូន ក្នុងសភាពការណ៍ស្ងប់ស្ងាត់នេះ បានយកឈ្នះលើអ្នកដែលប៉ុនប៉ង និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដោយពួកគេបានរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតចោលជាដើម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបជូនថា ការបោះឆ្នោតនៅកម្ពុជា មានចរិកពីរយ៉ាង ទី១៖ ការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងសភា នេះប្រព្រឹត្តទៅក្នុងសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ ប៉ុន្ដែអ្វីដែលជាការប្រកួតប្រជែងពិតប្រាកដ គឺរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀត អ្នកបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឲ្យគេទៅបោះឆ្នោត គូសបំផ្លាញចោលសន្លឹកឆ្នោត សរុបមកបំផ្លាញចោលនូវការបោះឆ្នោត នេះជាទើបជាការតស៊ូពិតប្រាកដនៃការបោះឆ្នោតរយៈពេលកន្លងទៅ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មូលហេតុដែលសម្ដេចហ៊ានអះអាងថា អ្នកគាំប្រជាធិបតេយ្យ បានយកឈ្នះលើអ្នកដែលបំផ្លាញប្រជាធិបតេយ្យ តាមរយៈចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត រហូតដល់៨៤.៥៩ភាគរយ បានចេញទៅបោះឆ្នោត ហើយក្នុងចំណោមសន្លឹកឆ្នោតដែលប្រជាពលរដ្ឋបានបោះឆ្នោត មានត្រឹមតែប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលជាសន្លឹកឆ្នោតមិនបានការ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ មានប្រជាពលរដ្ឋ៨,២១៤,៤៣០នាក់ បានទៅបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៩,៧១០,៦៥៥នាក់ ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧,៧៧៤,២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០,១៥៤សំឡេង។
គេនៅចាំបានថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឈានចូលមកដល់ ក្រុមជ្រុលនិយមមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំងដែលរស់ភៀសខ្លួនទៅនៅក្រៅប្រទេស បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុក កុំចេញទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្ដែគូសខ្វែងសន្លឹកឆ្នោតចោល។ ប៉ុន្ដែនៅថ្ងៃបោះឆ្នោតឈានចូលមកដល់ មានប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប បាននាំគ្នាចេញទៅបោះឆ្នោតដោយក្ដីរំភើបសប្បាយរីករាយ ខណៈអ្នកដែលមិនទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល មានចំនួនតិចតួចប៉ុណ្ណោះ។
ត្រង់ចំណុចនេះហើយ ដែលគេអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋយល់ច្បាស់អំពីសិទ្ធិរបស់ខ្លួន និងយល់ច្បាស់អំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា ដែលដើរតាមគន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកនយោបាយចាស់មិនទាន់ចាកចេញពីនយោបាយនៅឡើយទេ ក្នុងនោះសម្តេចតេជោនៅតែជាប្រធានគណបក្សប្រជាជន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ បានបញ្ជាក់ថា ទោះបីនាយកដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដោយ ប៉ុន្តែអ្នកនយោបាយចាស់នៅតែមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយទេ តួយ៉ាងសម្ដេចតេជោផ្ទាល់គឺនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល ដែលជាគណបក្សកាន់អំណាច។
នាឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ថា ទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយកដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាក៏ដោយ ប៉ុន្តែអ្នកនយោបាយចាស់នៅតែមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយនោះទេ តួយ៉ាងសម្ដេចតេជោផ្ទាល់គឺនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ ខ្ញុំនៅតែជាប្រធានគណបក្សកាន់អំណាច អមដោយអនុប្រធាន៤រូប ជាមួយសមាជិកការិយាល័យនយោបាយជាច្រើនរូបទៀត ដែលមួយចំនួននៅក្នុងរដ្ឋសភា និងមួយចំនួននៅក្នុងព្រឹទ្ធសភា»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមប្រធានគណបក្សឈ្នះឆ្នោត សម្ដេចមិនព្យាយាមជះឥទ្ធិពលក្នុងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ន ឬក៏ការសម្រេចចិត្តិរបស់រាជរដ្ឋាភិបាលទាំងមូលនោះឡើយ នេះក៏ដើម្បីឱ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជំនាន់ក្រោយអាចធ្វើការងារដោយទទួលបានឯករាជ្យក្នុងការធ្វើសេចក្ដីសម្រេច តែការសម្រេចយ៉ាងណាក៏ដោយកុំឱ្យខុសពីគោលនយោបាយគណបក្សដែលបានសន្យាចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គឺត្រូវយកគោលនយោបាយទាំងនោះទៅច្នៃក្នុងការដឹកនាំឱ្យមានភាពជឿនលឿន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការដែលបានផ្ដល់ឱកាសឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្ត្រីនាពេលខាងមុខ៕ប្រភពវិមាន៧មករា