រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី បាននាំយកនូវសៀវភៅសរុបចំនួន ៤០០ ក្បាល ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយក្នុងនោះមានសៀវភៅ ៖
-កូនប្រុសច្បងដ៏មានឥទ្ធិពល
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
-ទឹកចិត្តអ្នកជួយសង្គ្រោះ
-សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩
-កម្ពុជាសម័យតេជោ
-វីរបុរស ០៧១
ក្នុងឱកាសនោះ ឯកឧត្តម ឩត្តមសេនីយ៍ឯក ណុប វី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តម ក៏បានយកឱកាសនោះគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៍ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុមការងារអាចចងក្រងបានជាសៀវភៅប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។
ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនក្នុងខេត្តចំនួន ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ជាមួយគ្នានេះ ក៏ត្រូវបានផ្តល់ជូនដល់ស្ថានប័នរដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួន ដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ៕