រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារសៀវភៅ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាអនុប្រធានក្រុមការងារ ព្រមទាំងសហការី បាននាំយកនូវសៀវភៅសរុបចំនួន ៨៧០ ក្បាល ប្រគល់ជូនឯកឧត្តមបណ្ឌិត លី ឆេង ដោយក្នុងនោះមានសៀវភៅ ៖
-កូនប្រុសច្បងដ៏មានឥទ្ធិពល
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
-ទឹកចិត្តអ្នកជួយសង្គ្រោះ
-សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩
-កម្ពុជាសម័យតេជោ
-វីរបុរស ០៧១
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយចំពេលមានតម្រូវការសៀវភៅជាចាំបាច់ សម្រាប់តម្កល់ទុកក្នុងបណ្តាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២ និងសាលា ប៊ែលធី អន្តរជាតិ ទាំង ២៧ សាខា ដើម្បីជាមូលដ្ឋានឱ្យនិស្សិត និងសិស្សានុសិស្សបានសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ។
ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងអនុប្រធានក្រុមការងារ បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកកម្ពស់វិស័យអប់រំ និងការពារបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តមួយចំនួន ដូចជាការដាំកូនឈើប្រណិត ធ្វើរបងសាលា ផ្តល់កង់ដល់សិស្សានុសិស្សដែលជួបការលំបាក ផ្តល់សម្ភារសិក្សា កាតាប ធ្វើសួនច្បារ និងរៀបប្រពន្ធទឹកក្នុងសាលា និងផ្តល់ជំនួយមនុស្សធម៌ជាស្បៀងអាហារដល់ប្រជាជនជាប់ចត្តាឡីស័ក ជាពិសេសការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយការចូលរួមទិញវ៉ាក់សាំង និងផ្តល់ជែលលាងដៃ អាល់កុល និងម៉ាស ផងដែរ ។ ហើយលោកប្រធានរូបនេះបានបន្តថាសមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។
ជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ បានបញ្ជាក់ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបន្ថែមថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។ ហើយជាមួយគ្នានេះ ក៏ត្រូវបានផ្តល់ជូនដល់ស្ថានប័នរដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួន ដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ៕