ខេត្តព្រះសីហនុ ៖ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ឆ្នេរព្រែកត្រែងស្ថិត នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុត្រូវបានអាជ្ញាធរក្រុង យកគ្រឿងចក្រឈូសឆាយសំអាតឆ្នេរឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋដែលបានដាក់តូបកញ្ចូសនៅលើឆ្នេរ ចូលរួមសហការជាមួយអាជ្ញាធរក្រុង តាមសេចក្តីជូនដំណឹងឲ្យរុះរើសដោយខ្លួនឯងមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកអភិបាលក្រុងបានមានប្រសាសន៍ថា ក្រោយ ពីការរៀបចំឆ្នេរឡើងវិញអាជ្ញាធរនិងយកមកគ្រប់គ្រងដើម្បីសោភ័ណភាពបរិស្ថានស្អាតសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកអង្គុយសម្រាកលេងកម្សាន្តដោយមិនមានគិតថវិកាអ្វីនោះឡើយ ហើយឆ្នេរព្រែកត្រែងនេះនឹងរៀបចំឲ្យមានការលក់ដូរជាធម្មតា ដូចនៅតាមឆ្នេរអូរឈើទាល ឆ្នេរអូត្រេះក៏ដូចជាឆ្នេរពយជំទាវម៉ៅជាដើម។ តែមិនអនុញ្ញាតឲ្យបងប្អូនចាប់វា ជាទីកន្លែងនៅលើឆ្នេរធ្វើជាកម្មសិទ្ធិបុគ្គលណាម្នាក់នោះឡើយ គឺបងប្អូនអាចលៃលកឬក៏ជួលទីតាំងផ្សេង ការរៀបចំនេះក្នុងគោលបំណងរួមដើម្បីការគ្រប់គ្រងមាន សណ្ដាប់ធ្នាប់ សោភ័ណភាព បរិស្ថានស្អាត ឆ្លើយតបទៅនឹងកំណើននៃការ អភិវឌ្ឍន៍របស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។
លោកអភិបាលក្រុងក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរក្រុងក្នុងការរៀបចំឆ្នេរព្រែកត្រែងនេះឡើង វិញឲ្យបានស្អាតនិងជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ទូទៅមកអង្គុយលេងកម្សាន្តប្រកបដោយផាសុខភាព៕ប្រភពអាកាប៉េ