អន្តរជាតិ ៖ អាជ្ញាធរអ៊ុយក្រែន អះអាងថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្លាក់នៅក្នុងទឹកដីរ៉ូម៉ានី ក្នុងអំឡុងការវាយប្រហារជាបន្តបន្ទាប់ទៅលើទីក្រុងរបស់ខ្លួនក្បែរនោះ។
រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទសារព័ត៌មាននៅទីក្រុង គៀវ ថា អ៊ុយក្រែន មានភស្តុតាងរូបថតដែលគាំទ្រការអះអាងនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសរូម៉ានី បានច្រានចោលការលើកឡើងរបស់ក្រុងគៀវនេះ ខណការជជែកគ្នារឿងនេះ កើតឡើងស្របពេលដែលមេដឹកនាំរុស្ស៊ី និងទួរគី កំពុងជួបពិភាក្សាគ្នា។
គួរបញ្ជាក់ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានធ្វើដំណើរទៅកាន់ទីក្រុង Sochi របស់រុស្ស៊ី ក្នុងគោលបំណងស្នើលោកប្រធានាធិបតី Vladimir Putin ឱ្យស្តារឡើងវិញនូវកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ៕