ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរដឹកនាំដោយលោក ធូ ឃឿ អភិបាលក្រុងបានលុង និងមន្ត្រីក្រោមឱវាទបានចុះណែនាំអាជីវករ និងឱ្យបញ្ឈប់ការយកទ្រូងផ្លូវ, ចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើអាជីវកម្មតទៅទៀត មុនពេលដែលអាជ្ញាធរចាត់វិធានការតាមច្បាប់។
លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃដដែលនេះបានប្រាប់ឲ្យដឹងថា អាជ្ញាធរបានខិតខំប្រឹងប្រែងណាស់ចំពោះករណីលក់ដូរដោយគ្មានសណ្តាប់ធ្នាប់បែបនេះ ប៉ុន្តែការអនុវត្តរបស់ក្រុមអាជីវករមួយចំនួន នៅមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅអាជ្ញាធរបានចាប់យកឥវ៉ាន់ដើម្បីជាការព្រមាន និងផាកពិន័យច្រើនលើកច្រើនសារមកផងដែរ ប៉ុន្តែពួកគាត់មួយចំនួននាំគ្នាមកលក់ដូរ លើផ្លូវសាធារណៈដដែល។
លោកបញ្ជាក់ថា ផ្ទះដែលនៅអមសងខាងផ្លូវចូលផ្សារបានលុង សុទ្ធតែអ្នកមានជីវភាពធូរធារភាគច្រើនជាមន្ត្រីរាជការបានយកផ្លូវមុខផ្ទះ ដែលជាចំណីផ្លូវសាធារណៈជួលឲ្យបងប្អូន អាជីវករលក់ដូរដោយមិនគិតប៉ះពាល់ប្រយោជន៍សាធារណៈនោះទេ។
ចំណែកម្ចាស់វិនិយោគផ្សារបានលុង លោកឧកញ៉ា សា លាង កន្លងទៅថ្មីៗក៏ធ្លាប់ប្រាប់ផងដែរថា កន្លែងអាជីវករលក់ដូរលើទ្រូងផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់រាល់ថ្ងៃ មិនមែនជាដែនវិនិយោគរបស់ផ្សារឡើយ ហើយការតាំងលក់ដូរនេះគឺក្រោមការរៀបចំរបស់អាជ្ញាធរ ដែលស្ថិតក្នុងដែនរៀបចំសណ្តាប់ធ្នាប់ ក៏បានចុះដេញញឹកញាប់ផងដែរ ប៉ុន្តែការអនុវត្តហាក់បីដូចគ្មានប្រសិទ្ធភាពសោះ ទោះបីក្រុមអាជីវករនោះ ធ្លាប់ត្រូវបានយកទៅណែនាំ ឫមានការផាកពិន័យ ដោយក្រុមអាជ្ញាធរទៅលើក្រុមលក់បំពានលើផ្លូវសាធារណៈនេះយ៉ាងណាក៏ដោយ។
ឧកញ៉ា សា លាង បន្តថា បញ្ហារៀបចំផ្សារគឺបានរៀបចំបានយ៉ាងល្អប្រសើរ ហើយតូបនៅក្នុងផ្សាររាប់រយតូប មិនមានបងប្អូនអាជីវករចូលលក់នោះទេ ទោះបីខាងវិនិយោគផ្សារបានលុងរៀបចំផ្សារធំទូលាយមានអនាម័យ សណ្តាប់ធ្នាប់ ចាក់ផ្លូវបេតុងជុំវិញ មានប្រព័ន្ធលូយ៉ាងត្រឹមត្រូវប្រកបតាមស្តង់ដាក៏ដោយ។ ចំពោះការបណ្តែតបណ្តោយឲ្យក្រុមអាជីវករយកផ្លូវសាធារណៈមុខផ្សារបានលុងលក់យ៉ាងអាណាធិបតេយ្យ វាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវ និងក្រុមអាជីវករដែលក់ដូរក្នុងផ្សារផងដែរ៕