ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិបាដាត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានឧប្បត្តិហេតុផ្ទុះគ្រាប់ ០១ករណី ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់របួសភ្លៅខាងស្តាំ ក្នុងពេលដែលជនរងគ្រោះយកគ្រាប់មកដុំ។ ជនរងគ្រោះឈ្មោះ សាក់ បូរ៉ា អាយុ ២៧ឆ្នាំ ជាកសិករ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុករតនមណ្ឌល រួចបន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕