តាមគម្រោង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ។
តាមការឲ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ ដែលត្រូវមកចូលរួមក្នុងពិធីសំណេះសំណាលនោះ គឺមកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់ ចំនួន ១។
សូមជម្រាបថា នេះគឺជាលើកទី៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ប្រភពវិមាន៧មករា