ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ដែលធ្វើឡើងក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងគោលនយោបាយរបស់រដ្ឋាភិបាល ត្រូវតែគិតឲ្យធំ ប៉ុន្តែការអនុវត្តការងារត្រូវតែជ្រើសរើសឲ្យចំគោលដៅ ឆ្លើយតប និងប្រសិទ្ធភាពការងារ ខណៈការកែទម្រង់មិនមែនធ្វើត្រឹមតែមួយឆ្នាំនោះទេ គឺត្រូវការពេលវេលាដើម្បីអនុវត្ត។
សម្ដេចធិបតី បន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ គឺការពង្រឹងនៅមុខងារសាធារណៈ វិស័យអប់រំ សុខាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ។ សម្ដេចធិបតី បានគាំទ្រចំពោះសាលាជំនាន់ថ្មី ដែលគឺជាការកែទម្រង់មួយនៃវិស័យអប់រំរបស់កម្ពុជា ស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តទី៧នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន សាលារៀនជំនាន់ថ្មី ដែលបានអនុវត្តន៍គោលវិធីសិក្សាថ្មីនៅសាលារដ្ឋ បានទាក់ទាញសិស្សពូកែៗ ចូលរៀន និងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រ ឱ្យមកចាប់អារម្មណ៍ និងរៀនពូកែផងដែរ។ ក្រៅពីការរៀនក្នុងថ្នាក់ សិស្សមានការស្រាវជ្រាវជាច្រើន ដែលមានសមត្ថភាពខ្ពស់ ការប្រកួតប្រជែង និងសហការជាមួយគ្រឹះស្ថានជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់សិស្ស តាមរយៈការអប់រំនូវគ្រប់មធ្យោបាយទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ សំដៅផ្ដល់ឱ្យសិស្សនូវជំនាញសហគ្រិនភាព ជំនាញច្នៃប្រឌិត ត្រិះរិះពិចារណា យល់ដឹងអំពីរអន្តរវប្បធម៌ និងជំនាញរុករក ការបង្កើតថ្មីតាមបែបស្ថាបនានិយម និងការស្រាវជ្រាវ ជាដើម៕ប្រភពក្រសួងព័ត៌មាន