អន្តរជាតិ ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាពទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលអ៉ីស្រាអែលបានយល់ព្រមសហការលើជំនួយស៊ីវិលសម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចំណាយពេលជិត ៨ ម៉ោងក្នុងជំនួបពិភាក្សាជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។ នៅព្រឹកថ្ងៃអង្គារនេះលោក Blinken ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែលបាននិយាយថា លោក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែលរួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។
លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភានូវបញ្ហាទាំងនោះ”។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏បានឱ្យដឹងដូចគ្នាថាលោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល ហើយលោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៉ីបដែរ៕ប្រភពក្រសួងព័ត៌មាន