អន្តរជាតិ ៖ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានឲ្យដឹងថា ចំនួនជនភៀសខ្លួនផ្ទៃក្នុង (IDPs) នៅក្នុងតំបន់ហ្គាហ្សា បានឈានដល់មួយលាននាក់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ចំនួន IDPs នៅក្នុងតំបន់ហ្គាហ្សា ត្រូវបានប៉ាន់ប្រមាណថាមានប្រហែលមួយលាននាក់ រួមទាំង IDPs ប្រហែល ៣៥២,០០០ ដែលកំពុងស្នាក់នៅក្នុងសាលា UNRWA នៅភាគកណ្តាល និងភាគខាងត្បូងហ្គាហ្សា ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ។
ភ្នាក់ងារដដែល បន្តថា ស្បៀងអាហារដែលមាននៅហ្គាហ្សា គឺគ្រប់គ្រាន់សម្រាប់រយៈពេលពីរសប្តាហ៍ ខណដែលការផ្គត់ផ្គង់នៅក្នុងហាងត្រូវគេរំពឹងថានឹងអស់ក្នុងរយៈពេល ៤ ឬ ៥ ថ្ងៃ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីតំបន់ហ្កាហ្សា បានវាយប្រហារទឹកដីអ៊ីស្រាអែល។ ក្រុមហាម៉ាស់ចាត់ទុកការវាយប្រហាររបស់ខ្លួនថាជាការឆ្លើយតបទៅនឹងជំហានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅលើភ្នំព្រះវិហារនៃក្រុងយេរូសាឡឹម៕