រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានផ្តោតជាសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវអោយព័ត៌មានក្លែងក្លាយនេះដឹកមុខយើងយូរនោះទេ នាំអោយកើតមានបញ្ហាកាន់តែច្រើន ធ្វើអោយប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ។
ឯកឧត្តម ឯកអគ្គតដ្ឋទូត បានបញ្ជាក់ពីជំហរបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ឲ្យបានកាន់តែល្អបន្តទៅមុខទៀត ។
ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសំដែងនូវការ ចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហការរវាង ប្រពន្ធ័ផ្សព្វផ្សាយវៀតណាម និងប្រពន្ធ័ផ្សព្វផ្សាយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ដើម្បីជម្រុញ អោយវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែមានភាពរឹងមាំ និងរីកចំរើនបន្ថែមទៀត ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ភាគីវៀតណាម ជួយបណ្តុះបណ្តាលជំនាញថ្មីៗទាក់ទងបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបច្ចេកទេសប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដល់មន្ត្រីនៃក្រសួងព័ត៌មាន ព្រោះកម្ពុជា បាននឹងកំពុងត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពីប្រពន្ធ័អាន់ណាឡូក ទៅ ឌីជីថល ។ ជាមួយនេះក៏ស្នើជួយរៀបចំបណ្ណាសារ ដើម្បីរក្សាទុកឯកសាររូបថត និងវីដេអូ សំខាន់ៗរបស់ជាតិអោយបានល្អគង់វង្ស ហើយងាយស្រួលក្នុងការស្វែងរក ។
ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ។
គួររំលឹកដែរថា ទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ ប្រវត្តិសាស្ត្រ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកម្ល៉េះ ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់សម្គាល់ជាច្រើនរាប់មិនអស់ ៕ប្រភពក្រសួងព័ត៌មាន