ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានជាថ្មីថា អ្នកប្រព្រឹត្តបទល្មើសនឹងធនធានធម្មជាតិ គ្មានការលើកលែងនោះទេ ដោយពួកគេនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។
ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា «អ្នកឯងអាចគេចផុតថ្ងៃហ្នឹង ប៉ុន្តែថ្ងៃស្អែកអ្នកឯងនឹងមិនអាចគេចផុតនោះទេ! អ្នកឯងដេកក៏មិនស្រួលដែរ ព្រោះខ្ញុំតាមអ្នកឯងរហូត! អ្នកឯងអាចភ្លេច ប៉ុន្តែខ្ញុំអត់ភ្លេចនោះទេ!»។ គ្រប់ករណីប្រព្រឹត្តបទល្មើសទាំងឡាយ ឱ្យតែចាប់បាន ត្រូវតែកសាងសំណុំរឿងដាក់ទៅតុលាការ ដើម្បីចាត់វិធានការតាម ច្បាប់កំណត់។
ឯកឧត្តម អ៊ាង សុផល្លែត បានរំឭកនូវការដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព។ វិធានការទាំង៤នោះរួមមាន៖ ទី១. ការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ, ទី២. កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឱ្យបានស្អិតល្មួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារ ធម្មជាតិ, ទី៣. កិច្ចសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក, និង៤. ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្ដារព្រៃឈើ ជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឲ្យបាន៦០ ភាគរយ នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជ រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវៈចម្រុះដោយចីរភាព។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានគាំទ្រចំពោះវិធានការដែលបានដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថានទាំង៤ចំណុចនេះ ដោយលោកអះអាងថា នឹងខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងមានប្រសិទ្ធភាព ជាមួយសកម្មភាពចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធនធានធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូចគ្នានេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ជំហរអនុវត្តច្បាប់ ដោយមិនមានលើកលែងចំពោះបុគ្គលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិនោះទេ។ ពោលគឺ បញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះ លែង ហើយងាកមកអនុវត្តច្បាប់ដោយគ្មានការលើកលែងនោះឡើយ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួង បរិស្ថាននូវវិធានការទាំង៤ចំណុចខាងលើ ក្រុមអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិ ស្ថាន កាលពីថ្ងៃទី២៤-២៥ ខែតុលា បានចុះធ្វើអធិការកិច្ចដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែន ជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តក្រចេះ ។ ការចុះធ្វើអធិការកិច្ច ដែលមានការចូលរួមពីអង្គការដៃគូផងនោះ គឺធ្វើឡើងបន្ទាប់ពីមានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានថា មានការលួចធ្វើផ្លូវថ្មី ដើម្បីដឹកឈើចេញពីតំបន់ការពារធនធានធម្មជាតិមួយនេះ។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះ បានបញ្ជាក់ថា មិនមាន ការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយនោះ គឺជារូបភាពផ្លូវចាស់ និងជាផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) និងក្រុមហ៊ុនដាំដំណាំកសិកម្មមួយចំនួនទៀត ដែលទទួលបានសិទ្ធិសម្បទានរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ៕ប្រភពអាកាប៉េ