ខេត្តកំពង់ធំ៖ ក្មេងទំនើង២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិតេយ្យ បង្កឲ្យមានការភ្លាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តអបអសាទរពិធីប្រណាំងទូក ង នៅក្រុងស្ទឹងសែន។
ករណីនេះកើតឡើងនៅម៉ោងប្រមាណ២៣និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងថា បន្ទាប់ពីក្មេងទំនើងទាំង២ក្រុមនេះធ្វើសកម្មភាពហើយទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន
១២នាក់ភ្លាមៗផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់នេះ មន្ត្រីនគរបាលជំនាញ កំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕