ខេត្តរតនគិរី ៖ នៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចនិយាមកាលេខ(០៧៥១១៧០.១៥៤៦០០៣) ស្ថិតនៅក្នុងភូមិម៉ុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កម្លាំងអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានបានចុះដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនក៏ប្រទះឃើញគំនរឈើមួយកន្លែង នៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋដែលក្រុមឈ្មួញបានដឹកជញ្ជូនយកមកលាក់ រង់ចាំឱកាសល្អនិងដឹកបន្តទៅប្រទេសវៀតណាម។
យោងតាមរបាយការណ៍ពីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះមានកម្លាំងអាវុធហត្ថចំនួន៨នាក់សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សោម សុផល នាយការិយាល័យផែនការសន្តិសុខ បានចុះបង្ក្រាបនិងរឹបអូសគំនរឈើប្រភេទសុក្រំ ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។
ក្រោយពីការចុះបង្ក្រាបនិងរឹបអូសឈើខាងលើដែរ កម្លាំងសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនិងចំនួនដុំនៅឡើយទេ ហើយកំពុងធ្វើការដឹកជញ្ជួនយកមករក្សាទុកនៅស្នាក់ការសន្តិសុខ៧៨៧ដើម្បីរង់ចាំធ្វើការវាស់វែងនិងចាត់ការបន្តទៅតាមនិតិវិធី៕