ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុ ក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ពូជស្រូវស្ដារឡើងវិញ ពីការជន់លិចស្រូវរដូវវស្សាកន្លងទៅ ដល់បងប្អូនប្រជាកសិករចំនួន៥៤១គ្រួសារ មកពីឃុំចំនួន៤ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខប្រជាកសិករនៅក្នុងឱកាសនេះ ឯកឧត្តម អេង ជាសាន បានណែនាំដល់បងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ និងស្រូវវស្សាដើម្បីចៀសសវាងនូវផលប៉ះពាល់ផ្សេងៗ។ ជាពិសេសការជន់លិចដោយសារជំនួនទឹកភ្លៀងនេះរដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងស្ទោងនៅក្នុងភូមិសាស្ត្រឃុំចំនួន៤ នៅក្នុងស្រុកស្ទោង គឺឃុំព្រះដំរី រុងរឿង បន្ទាយស្ទោង និងឃុំទ្រា ដើម្បីឱ្យការប្រកបកសិកម្មស្រែស្រូវ ដំណាំផ្សេងៗ ស្រូវមិនប្រកាន់រដូវ ក្នុងការទទួលបាននូវទិន្នផលដូចបំណង។
លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់ប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល ជាពិសេសនៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹកនិងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។
ជាមួយនេះផងដែរ ឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវព្រោះស្ដារនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន រងគ្រោះជនលិចនារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
គួរបញ្ជាក់ផងដែរថា ស្រូវពូជព្រោះស្តារដែលបានចែកជូននៅពេលនេះមានចំនួន៥៤តោន និង១០០ គីឡូក្រាម ជាពូជស្រូវសែនក្រអូបមិនប្រកាន់រដូវ ដែលប្រគល់ជូនដល់ប្រជាកសិករដែលមានជីវភាគខ្វះខាតរងគ្រោះដោយសារទឹកជំនន់រដូវវស្សាកន្លងទៅ និងមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ចំនួន៥៤១គ្រួសារ អញ្ជើញមកពីឃុំចំនួន៤ នៅក្នុងស្រុកស្ទោង និងត្រូវព្រោះស្តារលើផ្ទៃដីចំនួន៣៤.០៣៤ហិចតា៕