ខេត្តកំពង់ធំ ៖ បន្ទាប់ពីបែកធ្លាយសារសំលេងឆ្លងឆ្លើយគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មាន ដែលរៀបរាប់ពីផែនការរៀបចំកញ្ចប់ថវិកាដើម្បីបិតបាំងបទល្មើសនេសាទ នៅតំបន់ទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង កាលពីពេលថ្មីនេះ គេនៅមិនទាន់ឃើញមានចំណាត់ការក្ដៅស៊ើបអង្កេតស្រាវជ្រាវ ពីមន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅឡើយទេ ប៉ុន្តែមានការកត់សម្គាល់ឃើញថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកំលាំងចុះបង្គ្រាប់ដូចរាល់ធម្មតាៗ ។
ការបន្តដឹកនាំបង្គ្រាបបទល្មើសនេសាទធម្មតាៗនេះត្រូវបានគេរាយការណ៍មកថា ធ្វើឡើងនៅក្នុងភូមិឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានបន្តដឹងថា ការចុះបង្គ្រាប់បទល្មើសនេះគឺអនុវត្តចុះបង្រ្កាបទប់ស្កាត់បទល្មើសនេសាទធម្មតាទេ គឺមិនមែនចុះស្រាវជ្រាវស៊ើបអង្កេតករណីរៀបចំកញ្ចប់ថវិកាជាប្រព័ន្ធនោះឡើយ ។ ហើយការបង្គ្រាប់នេះ គឺធ្វើឡើងលើផ្ទៃបឹងទន្លេសាបមាន០២ទីតាំង៖ ទីតាំងទី១.នៅចំណុចគុមឬស្សី បឹងផ្តៅ ភ្នំជីមូស និងព្រែកផ្នល់ ស្ថិតក្នុងភូមិសាស្រ្តឃុំសំព្រោជ ឃុំចំណាក្រោម និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង។ ទីតាំងទី២.នៅចំណុចអូរញឹង(តាមដងស្ទឹងសែន)ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឲ្យដឹងថាលទ្ធផលអនុវត្តបាន០៤ករណី៖គឺចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៨របាំង ប្រវែង៣៥០០ម របាំងស្បៃមុងចំនួន០៦របាំង ប្រវែង៦៥០ម ឡុកចំនួន៣៧គ្រឿង លូចំនួន៤៤មាត់ បង្គោលចំនួន៧៨០០ដើមចាក់លែងត្រីចំនួន២៣០គីឡូក្រាម។ បានដកហូតឃាត់ទុកវត្ថុតាង នេសាទដោយប្រើឧបករណ៍ឆក់ចំពោះវត្ថុតាងរួមមាន ដុំភ្លើងឆក់ចំនួន០២គ្រឿង អាគុយចំនួន០២គ្រឿង ដងឆក់ចំនួន ០២គូរ កន្រ្តងដួសត្រីចំនួន០៤ ត្រីចំរុះទំងន់១៥គីឡូក្រាម។ ទូកបាឡាស្មាច់ប្រវែង០៥ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហុីណូតាចំនួន០១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់ទុកនៅតែឧបករណ៍ជាច្រើនផងដែរ៕