ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះមិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗបានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនដូចជា ពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធតែមប្រីយ៍សារពើភណ្ឌ លើលិខិតរដ្ឋបាល លិខិតតុលាការនិង ឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តដែលមានកម្លាំងដល់១៥០សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន។
បន្តលើនេះកន្លងមកក៏មានការលើកលែងពន្ធមួយចំនួនទៀតដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះនឹងបន្តអនុវត្តជាគោលការណ៍គឺមិនយកពន្ធគឺទី១. ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម ពន្ធអចលនទ្រព្យតម្លៃទាបជាង១រយលានរៀល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធលើអចលទ្រព្យ ពីឳពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដីសម្រាប់ឱ្យអំណោយតែមួយលើកនិងមរតក។
អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារដ្ឋាន ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើបៀវត្សអប្បបរិមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនិយោជិត ទាំងនេះគឺពន្ធដែលអាណត្តិមុនបានអនុវត្ត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏នៅតែបន្តអនុវត្ត៕ប្រភពអាកាប៉េ