ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈ កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញមកសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ គ្រាប់ពូជដំណាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ កក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលលោកតែងតែឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកសំ ណះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយផ្សេងៗឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ ។
ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បងប្អូនបានរស់នៅកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈពេលជាងពីរឆ្នាំកន្លះមកហើយ បងប្អូនបានបង្កបង្កើនផលដាំដំណាំបន្លែបង្ការ ធ្វើស្រែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅក្នុងរដូវវស្សាកន្លងមកនេះ ដោយជំនន់ទឹកភ្លៀង ធ្លាក់មកគំហ៊ុកជាប់ៗគ្នាបណ្ដាលឲ្យគេហដ្ឋាន និងដីបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនមួយចំនួនត្រូវជនលិច បណ្តាលឲ្យខូចខាតផលដំណាំ បស់ បងប្អូន ផងដែរ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន ពិសេសបានសូមកោត សរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន យ៉ាងល្អ ប្រសេីរ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងបន្តទៀត ហើយនិងបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនរបស់យើង ត្រូវខិតខំថែរក្សាសុខភាព ខិតខំការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ឲ្យមានជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន បានផ្តល់ជូននេះ ។
ឯកឧត្ដម គន់ គីម ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើននិងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា និង សូមឲ្យបងប្អូនរួមគ្នាថែរក្សាឲ្យបានគង់វង្សជារៀងរហូតនូវ សុខសន្តិភាព ដែល យេីង កំពុង មាន ដូច សព្វថ្ងៃ នេះ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។
ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់ជូននូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្ករ÷២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ទឹកសុទ្ធវអរុណា០១១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ៕