ខេត្តកំពង់ធំ ៖ ក្រុមជម្រុះជាតិសាសន៍ ២២ប្រទេសចូលរួមរត់ប្រណាំងបែបទេសចរណ៍វប្បធម៌បូរាណប្រវត្តិសាស្ត្រចម្ងាយ ២២០ គីឡូម៉ែត្រ មានខេត្តកំពង់ធំ ខេត្តព្រះវិហារ និង ខេត្តសៀមរាប ដោយចាប់ពីខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២៣ ។
លោក ស្តេហ្វេន ប៊ែតហ៊្សែល Stefan Betzelt ជនជាតិអាល្លឺម៉ង់ (German) ដឹកនាំក្រុមការងាររត់ប្រណាំងចម្ងាយ ២២០ គីឡូម៉ែត្រដោយចាប់ផ្ដើមពីទីរួមខេត្តកំពង់ធំឆ្លងកាត់ខេត្តព្រះវិហារនិងបញ្ចប់នៅលើទឹកដីសៀមរាបអង្គរ ដែលមានកីឡាកររត់ប្រណាំងចម្រុះជាតិសាសន៍ទាំងអស់ (The runners) ចំនួន ២២ ប្រទេស. លោក ស្តេហ្វេន ប៊ែតហ្សែល (Stefan Betzelt) បានលើកឡើងថាលោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមនៅក្នុងក្រុមរត់ប្រណាំងចម្រុះជាតិសាសន៍នេះដោយធ្វើដំណើរឆ្លងកាត់ផ្លូវបូរាណដែលពោពេញទៅដោយរមណីយដ្ឋានវប្បធម៌ ទីកន្លែងប្រវត្តិសាស្រ្តតំបន់ប្រាសាទអច្ឆរិយៈ រមណីយដ្ឋានទឹកធ្លាក់នានា និងដោយមានការស្វាគមន៍ពីបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនកុះករទៀតផង។
លោកបានបន្តថាសម្រាប់ខេត្តកំពង់ធំគឺធ្វើដំណើរលើផ្លូវប្រវែង ៣២ គីឡូម៉ែត្រដោយចេញពីម៉ោង៧.០០នាទី នៅចំណុចវត្តក្រពើចាស់ភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ដល់ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។
លោកបាននិយាយថានេះគឺជាលើកទី ១០ នៃការត្រឡប់មកវិញរបស់លោកតាមរយៈក្រុមហ៊ុន Global Limit ហើយអ្វីដែលធ្វើលោកដក់ជាប់មិនអាចបំភ្លេចបាននោះគឺប្រទេសកម្ពុជាសម្បូរទៅដោយទីកន្លែងវប្បធម៌បុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងតំបន់អច្ឆរិយៈផ្សេងៗទៀតដែលបានបង្ហាញអំពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរសម័យមុន។
លោកបានបន្ថែមទៀតថាការរត់ប្រណាំងនេះគឺបានឆ្លងកាត់ផ្លូវបុរាណគ្រប់ច្រកល្ហកព្រមទាំងឆ្លងកាត់ភូមិឃុំឆ្ងាយៗដែលអ្នកភូមិខ្លះសឹងតែមិនដែលស្គាល់ជនជាតិបរទេសផង ហើយបានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។ មិនតែប៉ុណ្ណោះលោកនឹងខិតខំផ្សព្វផ្សាយនិងគៀងគរដល់សមាជិកក្រុមអ្នករត់ប្រណាំងទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យចូលរួមគាំទ្រឱ្យបានផុសផុលដើម្បីលើកស្ទួយការរត់ប្រណាំងបែបទេសចរណ៍វប្បធម៌មកកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើងៗសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ហើយក្តីប្រាថ្នារបស់លោក គឺចង់ឱ្យប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាពព្រមទាំងសិក្សាស្វែងយល់បន្ថែមទៀតអំពីតំបន់ប្រវត្តិសាស្រ្តវប្បធម៌បុរាណនានា ដែលមានសារៈសំខាន់បំផុតនិងជាព្រលឹងជាតិខ្មែរដ៏រុងរឿងព្រមទាំងចូលរួមបណ្ដុះបណ្ដាលនិងបង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយ ព្រមទាំងជួយថែរក្សាការពារសម្បត្តិវប្បធម៌បូរាណប្រវត្តិសាស្ត្រនេះឱ្យបានគង់វង្សជារៀងរហូត៕